វិច្ឆិកា 18, 2023

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, PRI និង JFC-Micro សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សហគ្រាសបង្កើតថ្មី»

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុ ប្រទេសជប៉ុន (PRI) ដោយសហការជាមួយអង្គភាពអាជីវកម្មខ្នាតតូច និងឯកជន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សហគ្រាសបង្កើតថ្មី» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណ ៣៣នាក់។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងយល់ពីគន្លឹះ និងយុទ្ធសាស្ត្រក្នុងការបង្កើតសហគ្រាសថ្មី ដើម្បីរួមចំណែកជំរុញការផ្តល់ហិរញ្ញប្បទានជូនដល់សហគ្រាសបង្កើតថ្មីប្រកបដោយប្រសិទ្ធភាព និងកាលានុវត្តភាពនៅប្រទេសកម្ពុជា។

លទ្ធផលប្រកបដោយផ្លែផ្កាពីវគ្គបណ្តុះបណ្តាលនេះ ជាសក្ខីភាពបង្ហាញពីចក្ខុវិស័យរួម ក្នុងការគាំទ្រដល់បរិយាកាសធុរកិច្ច និងការអនុវត្តនៃការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា, ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, PRI និង JFC-Micro ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្នុងកិច្ចសម្ភាស លោក Hidetaka Tabata នាយកគ្រប់គ្រងនៃផ្នែកសហប្រតិបត្តិការអន្តរជាតិ របស់ PRI បានបញ្ជាក់ឲ្យដឹងថា៖ «ការគាំទ្រដល់សហគ្រាសបង្កើតថ្មី គឺជាតួនាទីដ៏សំខាន់មួយសម្រាប់ ស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ហើយ JFC-Micro គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ ដែលបានកំពុងដើរតួនាទីនេះ នៅក្នុងប្រទេសជប៉ុន។ យើងខ្ញុំសង្ឃឹមថា ចំណេះដឹងដែលទទួលបានតាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព ក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា»

លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា៖ «សហគ្រាសធុនតូច និងមធ្យម គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ដែលជាហេតុធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្តួចផ្តើម និងបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នេះឡើង ដើម្បីឆ្លើយតបតម្រូវការហិរញ្ញវត្ថុសម្រាប់សហគ្រាសគោលដៅ។ ដើម្បីសម្រេចបាននូវទិសដៅនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានផ្តោតលើការអភិវឌ្ឍន៍ផលិតផលសេវាកម្ម បណ្តាញចែកចាយ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស»

លោកបន្តថា «យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយ និងសម្តែងការអរគុណចំពោះការគាំទ្រពី PRI និង JFC-Micro ក្នុងការចូលរួមការចែករំលែកបទពិសោធន៍ និងអភិវឌ្ឍចំណេះជំនាញ ដល់ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។ យើងខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងបន្ថែមទៀតនូវការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា»

គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ធនាគារសហគ្រាសធុនតូច និង មធ្យម កម្ពុជា, PRI និង JFC-Micro បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីអំពី «ការវិភាគ និងវាយតម្លៃឥណទាន»។ ជាក់ស្តែង វត្តមានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា រយៈពេលជាង៣ឆ្នាំកន្លងមកនេះ បាននិងកំពុងផ្តល់គម្រោងហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ គាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដោយផ្តោតលើវិស័យអាទិភាពរួមមាន ការកែច្នៃម្ហូបអាហារ, ការផលិតទំនិញប្រើប្រាស់ និងគ្រឿងបន្លាស់, ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន, ការផលិតឧបករណ៍វេជ្ជសាស្ត្រ និងឱសថ និងវិស័យគាំទ្រផ្សេងៗទៀត៕

បន្ថែម

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយ លោកបណ្ឌិត លឹម អូន ជាអគ្គនាយក បានអញ្ជើញចូលរួមក្នុង “ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសហគ្រិនវ័យក្មេង” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ ការផ្តល់ហិរញ្ញប្បទានតម្រូវចំពោះអតិថិជនគោលដៅដែលបានកំណត់ក្នុងបញ្ជីវិស័យគោលដៅ។
នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការ នៃធនាគារ SME បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលាស្តីពី “ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល” ក្រោមការរៀបចំដោយក្រសួងកិច្ចការនារី
សូមស្វាគមន៍មកកាន់ ការសម្ពោធដាក់ឲ្យដំណើរការសាខាទី៤ របស់ធនាគារ SME នៅលើទឹកដីខេត្តត្បូងឃ្មុំ ដែលមានសក្តានុពលសេដ្ឋកិច្ច វិស័យកសិ-ឧស្សាហកម្ម នាព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម...
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ( ធ.ស.ក ) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ