មិថុនា 11, 2024

គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ

គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច នៃសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro)។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងពង្រឹងប្រតិបត្តិការឥណទាន នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ ពីJFC-Micro។ ក្នុងវគ្គបណ្តុះបណ្តាល រយៈពេល ៥ថ្ងៃ នេះ គណៈគ្រប់គ្រង និងបុគ្គលិក ធនាគារដែលបានចូលរួមទាំងអស់ បានស្វែងយល់ពីយន្តការនៃការគ្រប់គ្រងគម្រោងហិរញ្ញប្បទាន គាំទ្រសហគ្រាសធុនតូច និងមធ្យម តាមរយៈការធ្វើបទបង្ហាញ និងដំណើរទស្សនកិច្ចដោយផ្ទាល់ ទៅដល់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសជប៉ុន។
សូមរំលេចផងដែរថា វគ្គបណ្តុះបណ្តាលនេះ ជាសក្ខីភាពមួយដែលបង្ហាញពីចក្ខុវិស័យរួម ក្នុងការគាំទ្រដល់បរិយាកាសធុរកិច្ច និងការអនុវត្តនៃការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា, ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, PRI នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង JFC-Micro។ តាមរយៈវគ្គបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងបន្ថែមទៀតនូវការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមថ្លែងអំណរគុណដល់ PRI នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង JFC-Micro ដែលបានរៀបចំទទួលដំណើរទស្សនកិច្ចនេះ ក៏ដូចជាផ្តល់នូវការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងប្រទេសជប៉ុន។

បន្ថែម

វិស័យបច្ចេកវិទ្យា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព...
ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច​ឡើងវិញ​អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី
នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមក្នុងការបើកសម្ពោធនូវ “ពិព័រណ៌ផលិតផលសហគ្រិនស្រ្តីកម្ពុជា ឆ្នាំ២០២៣” នៅផ្សារទំនើបអូឡាំព្យា ដែលត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា ក្រោមអធីបតីភាព...
នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី "ការគាំទ្រសហគ្រាសធុនតូច និងមធ្យមលើ ការយល់ដឹង ផ្នែកច្បាប់ និងហិរញ្ញវត្ថុ សម្រាប់កំណើនប្រកបដោយចីរភាព"។