អំពីយើងខ្ញុំ

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជាតួអង្គដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការធានានូវបរិយាប័ន្ន និងកំណើនសេដ្ឋកិច្ច។ នៅប្រទេសកម្ពុជា បានចាត់ទុក សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលបំពេញតម្រូវការមូលដ្ឋាននៃទំនិញ និងសេវាកម្ម ក៏ដូចជាការរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅ បង្កើនផលចំណូលសរុបក្នុងស្រុក និងជំរុញការនាំចេញ។ ក្នុងដំណើរការគ្រប់គ្រង និងអភិវឌ្ឍវិស័យនេះ នៅមានបញ្ហាប្រឈម ដែលក្នុងនោះសហគ្រាសមួយចំនួនស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ដែលមានការគ្រប់គ្រងជាលក្ខណៈ គ្រួសារ ខ្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន និងខ្វះការប្រកួតប្រជែងតាមរយៈការពង្រីកទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ដើម្បីលើកកម្ពស់លទ្ធភាព ទទួលបានហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព រាជរដ្ឋាភិបាលបានសម្រេចបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នេះឡើង។

ធនាគារទទួលបានអាជ្ញាបណ្ណផ្លូវការជាធនាគារពាណិជ្ជពីធនាគារជាតិ នៃ កម្ពុជា (“NBC”) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ និងស្ថិតនៅ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“MEF”)។ ធនាគារ មានគោលបំណង និងទិសដៅចម្បង ក្នុងការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។

វត្តមានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នៅក្នុងប្រទេសកម្ពុជានារយៈពេលជិត ៤ឆ្នាំកន្លងមក ត្រូវបានសាធារណជនទទួលស្គាល់ជាធនាគារគោលនយោបាយ ដែលបាន និងកំពុងផ្តល់សេវាហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តោតលើវិស័យអាទិភាពរួមមាន៖

  • ការផលិត និងកែច្នៃម្ហូបអាហារ ដែលជាសកម្មភាពបំប្លែងសារធាតុ ផលិតផលកសិកម្ម ឬរុក្ខជាតិ ដោយកែច្នៃទាំងស្រុង ឬកែច្នៃបឋមដោយ ប្រើម៉ាស៊ីន និងហត្ថកម្ម សម្រាប់មនុស្សបរិភោគ។
  • កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ ផ្នែក ឬគ្រឿងបង្គំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃ, កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់ វិស័យទេសចរណ៍
  • ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍ គឺ សំដៅលើការបង្កើត និងផ្គត់ផ្គង់សេវាបច្ចេកវិទ្យាព័ត៌មានដែលផ្សារភ្ជាប់ទៅនឹងជំនួញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
  • សហគ្រាសស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ (SME Cluster)
  • សហគ្រាសផលិតទំនិញវេជ្ជសាស្ត្រ និងថ្នាំពេទ្យ សំដៅលើសហគ្រាសទាំងឡាយណា ដែលផលិតឧបករណ៍ ឬគ្រឿងបរិក្ខារ និងថ្នាំពេទ្យ សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល
  • សហគ្រាសផ្តល់សេវាកម្ម គាំទ្រដល់សហគ្រាសក្នុងវិស័យអាទិភាព សំដៅដល់អាជីវកម្មដែលចែកចាយទំនិញ និងផ្តល់សេវាកម្មបម្រើដល់ វិស័យអាទិភាពនានាកំណត់ដោយរាជរដ្ឋាភិបាល រួមទាំងវិស័យដែលមានសក្តានុពល និងវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិកូវីដ ១៩

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម។ បច្ចុប្បន្ន ដើម្បីសម្រេចបាននូវទិសដៅនេះ ធនាគារបាននឹងកំពុងបន្តអនុវត្តគម្រោងសហហិរញ្ញប្បទាន ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក៏ដូចជាការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ដល់សហគ្រាសគោលដៅ និងផ្តោតសំខាន់លើការ អភិវឌ្ឍផលិតផលសេវាកម្ម បន្តពង្រីកបណ្តាញចែកចាយ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន។

ចក្ខុវិស័យ

ជាធនាគារជម្រើសដំបូង និងល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលមានតម្លៃសមស្រប, ងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន, ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការបម្រើសេវាកម្មល្អ។

បេសកកម្ម

ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយ ប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

គុណតម្លៃ

យើងជឿជាក់ថា យើងមានផ្នែកមួយដើម្បីចូលរួមក្នុងការផ្តល់សេវាធនាគារដែលមានតម្លៃសមរម្យ និងបន្ថែមតម្លៃឆ្ពោះទៅរកការអភិវឌ្ឍ
សហគ្រាសធុនតូច និងមធ្យម ខណៈពេលដែលលើសពីការរំពឹងទុករបស់បុគ្គលិក អតិថិជន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ យើងប្រាថ្នាចង់សម្រេចបានវាដោយការរស់នៅតាមតម្លៃស្នូលរបស់យើង "IPACE"។

សច្ច:ភាព

សច្ចៈភាព

លើកកម្ពស់សច្ចៈភាពក្នុងអត្តសញ្ញាណរបស់យើង ដើម្បីធានាឲ្យបាននូវកេរ្តិ៍ឈ្មោះ និងទំនុកចិត្តខ្ពស់ក្នុងអាជីវកម្ម

ទំនួលខុសត្រូវ

ទំនួលខុសត្រូវ

យើងមានទំនួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ចំពោះអ្នកពាក់ពន្ធ័ក្នុងអាជីវកម្ម និងទៅលើតួនាទី ក៏ដូចជាមុខងារដែលយើងបានកំណត់

បុគ្គលិក

បុគ្គលិក

យើងចាត់ទុកគ្រប់បុគ្គលិកជាទ្រព្យដ៏សំខាន់ហើយគោរពផ្តល់តម្លៃ និងផ្តល់ឱកាសឲ្យពួកគាត់ចូលរួមយ៉ាងសកម្មក្នុងដំណើរការអាជីវកម្មរបស់យើង

Customer

អតិថិជន

ដោយសារតែអតិថិជន ជាគោលដៅចម្បង សម្រាប់ការអភិវឌ្ឍ
អាជីវកម្មរបស់យើងនោះយើងនឹងផ្តល់ជូនសេវាកម្មដីល្អឥតខ្ចោះ

ប្រសិទ្ធភាព

ប្រសិទ្ធភាព

យើងខិតខំប្រឹងប្រែងសម្រាប់ប្រតិបត្តិការដ៏ល្អ ដើម្បីប្រាកដថា
ម្ចាស់ភាគហ៊ុនទាំងអស់ទទួលបាន ប្រាក់ចំណេញ ភាពរីកចម្រើន
និងស្ថេរភាពអាជីវកម្ម

រចនាសម្ព័ន្ធធនាគារ

ឯកឧត្តម បណ្ឌិត ផាន់ ផល្លា

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល

ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ឈន ដាលិះ

សមាជិកាក្រុមប្រឹក្សាភិបាលឯករាជ្យ

ឯកឧត្តម ចាន់ សុខទី

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

ឯកឧត្តម សុន សេងហួត

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

បណ្ឌិត លឹម អូន

សមាជិកក្រុមប្រឹក្សាភិបាល

Open Modal

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

តាងនាមក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និង មធ្យម កម្ពុជា ម.ក (ធ.ស.ក) ខ្ញុំមានកិត្តិយសសូមបង្ហាញជូន នូវរបាយការណ៍ប្រចាំឆ្នាំ ដែលសង្ខេបអំពីលទ្ធផលការងារផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ក្នុងឆ្នាំ២០២៣។ លទ្ធផលនេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងការខិតខំរបស់ធ.ស.ក ក្នុងនាមធនាគារគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ដែលត្រូវបានរំពឹងទុកថា នឹងមានតួនាទីកាន់តែសំខាន់ រួមចំណែកជំរុញសន្ទុះកំណើនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងធន់នឹងវិបត្តិ។

ជាការពិត, ស្ថានភាពសេដ្ឋកិច្ចសកលបាន និងកំពុងបន្តប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ដែលបង្កឡើង ដោយឥទ្ធិពលពីវិបត្តិ និងព្រឹត្តិការណ៍ធំៗ មានជាអាទិ៍ ស្លាកស្នាម នៃវិបត្តិជំងឺកូវីដ-១៩, សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, និងការផ្ទុះឡើងនូវការប្រយុទ្ធរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅចុងឆ្នាំ២០២៣ ជាដើម។ បន្ថែមលើនេះ, ការបន្តរឹតបន្តឹង គោលនយោបាយរូបិយវត្ថុសកល ក៏បានបង្កផលប៉ះពាល់ អវិជ្ជមានមួយកម្រិតទៀត ដល់ចលនាសេដ្ឋកិច្ចសកល និងវិស័យសក្តានុពល រាប់ទាំងវិស័យហិរញ្ញវត្ថុ និងធនាគារ។ ជាលទ្ធផល កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៣ បានថមថយមកក្នុងរង្វង់ ៣,២% ស្របពេលដែលកំណើនសេដ្ឋកិច្ច កម្ពុជាសម្រេចបានប្រហាក់ប្រហែលនឹងឆ្នាំ២០២២ ពោលគឺ ក្នុងរង្វង់ ៥%។

ក្នុងបរិការណ៍នេះ, វិស័យហិរញ្ញវត្ថុនៅកម្ពុជា ដូចគ្នាទៅនឹង បណ្តាប្រទេសក្នុងតំបន់ បានជួបប្រទះនឹងឥទ្ធិពលអវិជ្ជមាន ដែលឆ្លុះបញ្ចាំងតាមរយៈការថមថយនៃកំណើនឥណទាន ពី ១៩% ក្នុងឆ្នាំ២០២២ មកត្រឹម ៤,៨% ក្នុងឆ្នាំ២០២៣ និងការកើនឡើងនៃអនុបាតឥណទានមិនដំណើរការដល់ ៥,៤% ក្នុង ឆ្នាំ២០២៣ ធៀបនឹង ៣,១% ក្នុងឆ្នាំ២០២២។ ទោះស្ថិតក្នុងស្ថានភាពពុំសូវអំណោយផលក្តី, ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានពុះពារក្នុងការបន្តបេសកកម្មផ្តល់ ឥណទានដល់សហគ្រាសធុនតូច និងមធ្យម។ ជាក់ស្តែង គិត ត្រឹមឆ្នាំ២០២៣ ធនាគារបានចូលរួមផ្តល់ឥណទាន តាមរយៈ យន្តការឥណទានដោយផ្ទាល់ ទៅដល់អាជីវកម្ម គោលដៅ ចំនួន ៣៦៥ សហគ្រាស ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណ ៨៦,១៥ លានដុល្លារអាម៉េរិក កើនឡើង ប្រមាណ ៦០% ធៀបនឹងឆ្នាំ២០២២ ខណៈការផ្តល់ឥណទានតាមរយៈគម្រោងសហហិរញ្ញប្បទាន ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម បានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ៣០៩៥ ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណជា ៣៩៤ លានដុល្លារអាម៉េរិក។

ឆ្លងកាត់ប្រតិបត្តិការនាប៉ុន្មានឆ្នាំចុងក្រោយនេះ, យើងសង្កេតឃើញថា បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និង មធ្យម នៅមានច្រើន ស្មុគស្មាញ និងលើសពីតម្រូវការហិរញ្ញប្បទាន ដែលត្រូវការរួមចំណែកពីតួអង្គពាក់ព័ន្ធទាំង ស្ថាប័នសាធារណៈ, ដៃគូអភិរឌ្ឍន៍ និងជាពិសេស វិស័យឯកជនផ្ទាល់ រួមគ្នាដោះស្រាយក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និង ប្រកបដោយភាពម្ចាស់ការ។ ក្នុងន័យនេះ ធនាគារសហគ្រាស ធុនតូច និងមធ្យម កម្ពុជា ប្តេជ្ញាបន្តខិតខំផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការពង្រឹងសេវាឥណទាន ឱ្យកាន់តែមានប្រសិទ្ធភាព ពោលគឺ ផ្តល់ភាពទន់ភ្លន់ឱ្យបាន ច្រើនលើលក្ខខណ្ឌទទួលបានគណទាន, កាត់បន្ថយរយៈពេលបញ្ចេញឥណទានជូនអតិថិជន និងជាពិសេសផ្តល់ឥណទានឱ្យចំគោលដៅ ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ដែលបានគូសរំលេចក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ អតិថិជនទាំងអស់ដែលផ្តល់ការជឿទុកចិត្ត និងតែងចាត់ទុកធនាគារសហគ្រាសធុនតូច និងមធ្យម ជាដៃគូដ៏ស្មោះត្រង់ គាំទ្រ ដល់ការចាប់ផ្តើម និងការពង្រីក អាជីវកម្មរបស់ខ្លួន នាពេលកន្លងមក។ ជាការតបស្នងចំពោះកាយវិការនេះ យើងខ្ញុំ ទាំងអស់គ្នាក្នុងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និង បុគ្គលិក ធ.ស.ភ ប្តេជ្ញាបន្តធ្វើជាដៃគូល្អ និងបន្តផ្តល់ឥណទាន ដល់សហគ្រាស ធុនតូច និងមធ្យម ទាំងអស់ ដែលមានតម្រូវការហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃ អាជីវកម្ម សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម បណ្ឌិត ផាន់ ផល្លា

រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាភិបាល

បណ្ឌិត លឹម អូន

អគ្គនាយក និងជាអភិបាល

លោក ដែន ដាវុទ្ធ

នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក អឿ វិបុល

នាយកប្រតិបត្តិគ្រប់គ្រង ហានិភ័យ

លោក ជា សុភ័ក្ត

នាយកប្រតិបត្តិហិរញ្ញវត្ថុ

សាររបស់អគ្គនាយក

ឆ្នាំ២០២៣ សេដ្ឋកិច្ចពិភពលោកបានបន្តងើបឡើងក្នុងល្បឿនយឺត ដោយសារការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការរឹតបន្តឹងនយោបាយរូបិយវត្ថុនៅប្រទេសអភិវឌ្ឍន៍ចម្បងៗ ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាជាដើម។ ក្នុងស្ថានភាពនេះ កំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានរំពឹងថាអាច សម្រេចបានទាបជាងឆ្នាំ២០២២។

ការថមថយកំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់ បានដាក់សម្ពាធ ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការនាំចេញផលិតផលកាត់ដេរ និងការធ្លាក់ចុះនៃវិស័យសំណង់ និងអចលនទ្រព្យ។ ប៉ុន្តែការងើបឡើងនៃវិស័យទេសចរណ៍ កំណើនការនាំចេញផលិតផល មិនមែនកាត់ដេរ និងកំណើនតម្រូវការក្នុងស្រុក បានរួមចំណែក គាំទ្រសេដ្ឋកិច្ចកម្ពុជាសម្រេចបានប្រហាក់ប្រហែលនឹងឆ្នាំ២០២២ ពោលគឺក្នុងរង្វង់៥% (ប្រភព៖ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមឆ្នាំ២០២៥-២០២៧)។ ការសម្រេចបានកំណើននេះ កើតឡើងដោយសារមានការគាំទ្រ មិនអាចខ្វះបានពីស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្ត និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព។

ទន្ទឹមនេះ ប្រព័ន្ធធនាគារនៅកម្ពុជា បន្តរក្សាបានភាពធន់ និងមានវឌ្ឍនភាពជាលំដាប់ ដែលធានាដល់ការរក្សាចីរភាពហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុចាំបាច់នានា ក្នុងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច និងសង្គម។ ទោះជាយ៉ាងណាក៏ដោយការផ្តល់ឥណទាន នៅឆ្នាំ២០២៣ នេះ មានកំណើនតិចតួចបំផុតពោលគឺ ត្រឹមតែ ៤,៨% ប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ ស្របពេលដែលធនាគារជាតិ នៃ កម្ពុជា បានសម្រេចបញ្ចប់ការរៀបចំឥណទានឡើងវិញ សម្រាប់វិបត្តិកូ វីដ-១៩។ ជាមួយនេះ អនុបាតឥណទានមិនដំណើរការបន្តកើនឡើង ដែលតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវដាក់ចេញវិធានការ ចាំបាច់នានា ដើម្បីបង្កើនការតាមដាន ការវាយតម្លៃ និងរឹតបណ្ដឹង ការផ្តល់ឥណទានថ្មីបន្ថែម និងការធ្វើស្ត្រេសតេស្តជាប់ជាប្រចាំ លើហានិភ័យដែលអាចកើតឡើងជាយថាហេតុ។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា មានចរិតជាធនាគារ គោលនយោបាយ ដែលត្រូវបានបង្កើតឡើងដោយឈរលើ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់ខ្លួន ដើម្បីអនុវត្តគោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និង ការនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅក្នុងឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សម្រេចបាននូវលទ្ធផលការងារចម្បងៗមួយចំនួន ដូចជា៖

  • ទ្រព្យសកម្មសរុបមានចំនួន ៣២២ លានដុល្លារ អាម៉េរិក កើនឡើងប្រមាណ ១៥% ពីឆ្នាំ២០២២ ដែលមាន ២៨១ លានដុល្លារអាម៉េរិក។

  • សមតុល្យឥណទានដុលសរុបមានចំនួន ២២០ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៣% ប៉ុណ្ណោះ ពីឆ្នាំ២០២២ ដោយសារការសង ត្រឡប់ជាបណ្តើរៗ ពីអតិថិជនក្រោមគម្រោងសហហិរញ្ញប្បទាន ទាំង ២ ដែលបានអនុវត្តចប់ទាំងស្រុង តាំងពីឆ្នាំ២០២១ និង២០២២។ ទន្ទឹមនេះ សមតុល្យឥណទាន ដោយផ្ទាល់ ដែលផ្តល់ត្រង់ពីធនាគារទៅឱ្យសហគ្រាស គោលដៅបានកើនឡើងប្រមាណ ៦១% ធៀបនឹងឆ្នាំ២០២២ ស្មើនឹង ៣២,៧ លានដុល្លារអាម៉េរិក។

  • បានបង្កើតចំណែកទីផ្សារថ្មីបន្ថែម គឺ SME Plus និងបានបង្កើនទំហំឥណទាន (សម្រាប់អតិថិជនម្នាក់) រហូតដល់ ១ លានដុល្លារអាម៉េរិក ដើម្បីពង្រីកការគាំទ្រដល់សហគ្រាស ដែលមានទំហំធំជាងមុខ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ បន្ថែមលើនេះ ធនាគារ ក៏បានបង្កើតឱ្យមានគម្រោងហិរញ្ញប្បទានខ្នាតតូច ដែលមិនយកទ្រព្យធានាក្នុងកម្រិតឥណទានត្រឹម ៥០ ពាន់ដុល្លារអាម៉េរិក (សម្រាប់អតិថិជនម្នាក់) ដើម្បីគាំទ្រដល់អាជីរកម្មធុនមីក្រូ ដែលមានចំនួនច្រើនលើសលប់ និងមានការលំបាកក្នុងការទទួលបានហិរញ្ញប្បទានដោយសារ មិនមានទ្រព្យធានាដាក់ឱ្យធនាគារ។

  • បានដាក់ឱ្យដំណើរការ “កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិ ករទេសចរណ៍នៅខេត្តសៀមរាប” ជាមួយនឹងកញ្ចប់ថវិកាចំនួន ៥០ លានដុល្លារអាម៉េរិក ដែលផ្តល់ជូនដោយផ្ទាល់ពីធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីគាំទ្រវិស័យទេសចរណ៍ទៅខេត្តសៀមរាប ក្រោមវិធានការកែទម្រង់មុត ស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាល។

  • បានបង្កើតសាខាថ្មីបន្ថែមចំនួន ៤ (សាខាប្រភេទ flagship ចំនួន ១ និងសាខាប្រភេទ satellite ចំនួន ៣) នៅខេត្ត ត្បូងឃ្មុំ (បានដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣), ខេត្ត បន្ទាយមានជ័យ, ខេត្តកំពង់ស្ពឺ និងខេត្តកំពត (គ្រោងដាក់ឱ្យ ដំណើរការនៅដើមឆ្នាំ២០២៤) ដើម្បីពង្រីកវិសាលភាព ក្នុងការគាំទ្រដល់បណ្តាខេត្តដែលមានសក្តានុពល។

  • បន្តអភិវឌ្ឍដៃគូអាជីរកម្មជាមួយនឹងសមាគមសហគ្រាសធុន តូច និងមធ្យម គោលដៅចំនួន ៦ បន្ថែមទៀត ដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ីឱ្យធំទូលាយ សំដៅជម្រុញការផ្តល់ឥណទាន ឱ្យចំគោលដៅ និងឆាប់រហ័ស។ ជាមួយគ្នានេះ ធនាគារ ក៏បានចុះកិច្ចសហការជាមួយគ្រឹះស្ថានធនាគារ និងក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុធំៗមួយចំនួន ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែប ជូនដល់អតិថិជនក្នុងការសងត្រឡប់ឥណទានមកធនាគារវិញ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច។

  • បានបង្កើនចំនួនបុគ្គលិករហូតដល់ ២២២នាក់ កើនឡើង ប្រមាណ ៦៣% ធៀបនឹងឆ្នាំ២០២២ ស្មើនឹង ៨៦នាក់។

  • ម្យ៉ាងទៀត ធនាគារក៏បានរួមចំណែកជាមួយភាគីពាក់ព័ន្ធទាំងស្ថាប័នសាធារណៈ និងឯកជន ក្នុងសកម្មភាពលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុ ជូនដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានពីស្ថាប័ន ហិរញ្ញវត្ថុផ្លូវការ និងសារៈសំខាន់នៃការប្រើប្រាស់ឥណទាន ដែលទទួលបានឱ្យចំគោលដៅ សម្រាប់ការអភិវឌ្ឍអាជីរកម្មរបស់ខ្លួន ប្រកបដោយនិរន្តភាព និងភាពធន។

ជារួម លទ្ធផលដែលទទួលបានខាងលើ បានបង្ហាញពីការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារសហគ្រាសធុន តូច និងមធ្យម កម្ពុជា ក្នុងការផ្តល់គុណតម្លៃដល់ភាគីពាក់ព័ន្ធរបស់ខ្លួន ហើយយើងនៅតែបន្តអនុវត្តការងារដ៏មានសារៈសំខាន់នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាកិច្ចបញ្ចប់ ខ្ញុំសូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា, ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិ នៃ កម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ នាពេលកន្លងមក។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះក្រុមប្រឹក្សាភិបាល និងគណៈ គ្រប់គ្រង ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ធនាគារសហគ្រាស ធុនតូច និងមធ្យម កម្ពុជា ដែលបានផ្តល់នូវអនុសាសន៍ណែនាំ និងខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ សំដៅរួមគ្នាកសាង និងអភិវឌ្ឍធនាគារឱ្យមានការអភិវឌ្ឍជឿនលឿន និងប្រកបដោយចីរភាព។ ជាមួយគ្នា នេះ ខ្ញុំសូមអរគុណដល់អតិថិជន និងដៃគូសហការនានា ដែលបានចូលរួមសហការ, គាំទ្រ និងផ្តល់ទំនុកចិត្តលើធនាគារសហគ្រាស ធុនតូច និងមធ្យម កម្ពុជា ក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យ អេស អឹម អឺ នៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន។

បណ្ឌិត លឹម អូន

អគ្គនាយក

លោក សួន ស៊ីសុវត្ថិ

នាយកគ្រប់គ្រងរបាយការណ៍
ហិរញ្ញវត្ថុ និងផែនការ

លោក គួច ផល្លី

នាយកគ្រប់គ្រងប្រតិបត្តិការ

លោក សៅ រិទ្ធី

នាយកទំនាក់ទំនងអាជីវកម្ម

លោក ឆេង កក្កដា

នាយកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា

លោក ផុន វាសនា

នាយកទីផ្សារ

លោក ទង ពុទ្ធី

នាយកគ្រប់គ្រងធនធានមនុស្ស

លោកស្រី នៅ សុធារី

នាយិកាគ្រប់គ្រងឥណទាន

លោកស្រី វឿង សារិកា

នាយិកាផ្នែកច្បាប់
និងលេខាធិការក្រុមហ៊ុន

កញ្ញា ឈួ ថាវរី

នាយិកាគ្រប់គ្រងសវនកម្មផ្ទៃក្នុង

លោក អៀម សុខា

ប្រធានផ្នែកប្រតិបត្តិតាម

កញ្ញា នួន សុវណ្ណារ៉ាត់

ប្រធានផ្នែកលទ្ធកម្ម
និងជាលេខាអគ្គនាយក