ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រ នៃការត្រួតពិនិត្យឥណទាន»

រាជធានីភ្នំពេញ, នាថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង អង្គភាពអាជីវកម្មខ្នាតតូច នៃសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រ នៃការត្រួតពិនិត្យឥណទាន» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន៣៣នាក់។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីគន្លឹះ និងវិធីសាស្ត្រ ក្នុងការវិភាគឥណទាន ប្រកបដោយប្រសិទ្ធភាព និងកាលានុវត្តភាព ដើម្បីរួមចំណែកជំរុញការផ្តល់ហិរញ្ញប្បទានជូនដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា លទ្ធផលប្រកបដោយផ្លែផ្កាពីវគ្គបណ្តុះបណ្តាលនាពេលកន្លងមក គឺជាសក្ខីភាពបង្ហាញពីចក្ខុវិស័យរួម ក្នុងការគាំទ្រដល់បរិយាកាសធុរកិច្ច និងការអនុវត្តតាមស្មារតីនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសកម្ពុជា និង PRI, ក្រសួងហិរញ្ញវត្ថុជប៉ុន តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង JFC-Micro ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។