ធ្នូ 31, 2023

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប»

សៀមរាប, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប» ដោយមានការចូលរួមសហការរៀបចំដោយ សមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប,សមាគមសហគ្រិនវ័យក្មេងកម្ពុជា  សាខាខេត្តសៀមរាប, សមាគមក្លឹបទេសចរណ៍សៀមរាប និងសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាសៀមរាប។

សិក្ខាសាលានេះ ត្រូវបានប្រារព្ធឡើងក្រោមវត្តមានរបស់បណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា,   ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប,  ឯកឧត្តម ឈុន  មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍, លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងមានការអញ្ជើញចូលរួមពីម្ចាស់សហគ្រាស អាជីវកម្ម និងសេវាកម្មដែលគាំទ្រវិស័យទេសចរណ៍ ប្រមាណជា១៦០នាក់ មកពីទូទាំងខេត្តសៀមរាប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីកម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាប ក៏ដូចជាជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះ ដើម្បីជំរុញ ការធ្វើប្រតិបត្តិការអាជីវកម្មឡើងវិញ, ការកែលម្អ និងធ្វើទំនើបកម្ម, ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មនៃសេវាទេសចរណ៍ សំដៅទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានថ្លែងក្នុងសន្ទរកថាបើកនៃកម្មវិធីថា៖ ទឹកប្រាក់បឋមចំនួន៥០លានដុល្លារអាមេរិកពីរាជរដ្ឋាភិបាល ជូនដល់ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាប តាមរយៈកម្ចីដោយផ្ទាល់ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ត្រូវបានអនុវត្តន៍ចាប់តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយការណែនាំ និងអនុញ្ញាតប្រកាសដាក់ចេញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៩។ តាមរយៈកម្មវិធីកម្ចីនេះ សហគ្រាសក្នុងវិស័យគោលដៅ ដែលស្ថិតនៅខេត្តសៀមរាបបម្រើសេវាកម្មដោយផ្ទាល់ជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ (ក)​ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន  (ខ) ភោជនីយដ្ឋាន (គ) អាជីវកម្មផលិត និង/ឬលក់វត្ថុអនុស្សាវរីយ៍ (ឃ) ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ (ង) សេវាកម្មដឹកជញ្ជូនទេសចរណ៍ (ច) អាជីវកម្មអភិវឌ្ឍផលិតផលទេសចរណ៍ (ឆ) ការផ្គត់ផ្គង់ផលិតផល និង/ឬសេវាកម្មដទៃទៀតដែលគាំទ្រឧស្សាហកម្មទេសចរណ៍ អាចស្នើសុំហិរញ្ញប្បទានរហូតដល់ ៦០០, ០០០ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ៦.៥០%។ លើសពីនេះ លោកបានបន្ថែមទៀតថា កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប មានលក្ខណៈពិសេស និងប្រកបដោយលក្ខខណ្ឌអនុគ្រោះមួយចំនួនដូចជា៖ រយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់២៤ខែ, មិនគិតថ្លៃសោហ៊ុយ រៀបចំឥណទាន និងមិនមានពិន័យចំពោះការសងត្រឡប់មុនកាលកំណត់ ព្រមទាំងផ្តល់នូវលក្ខខណ្ឌនៃការអនុម័តប្រាក់កម្ចី មានភាពទន់ភ្លន់ជាងឥណទានធម្មតា។

លោកបណ្ឌិត ក៏បានបង្ហាញសុទុដ្ឋិនិយមផងដែរថា កម្មវិធីកម្ចីនឹងរួមចំណែកក្នុងការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ខេត្តសៀមរាប ឱ្យត្រឡប់ទៅរកស្ថិរភាព និងមាគ៌ានៃកំណើនប្រកបដោយសក្តានុពល ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមចក្ខុវិស័យនៃប្រមុខរាជរដ្ឋាភិបាល ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធ ក្នុងការជំរុញ ផ្សព្វផ្សាយ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួង សមាគម និងម្ចាស់អាជីវកម្មដោយផ្ទាល់។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ក៏បានគូសបញ្ជាក់ ក្នុងសុន្ទរកថាស្វាគមន៍ផងដែរថា សិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបនេះ គឺជា វេទិការដ៏មានវិសេសវិសាលបំផុត ដែលប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បានទន្ទឹងរង់ចាំជាយូរមកហើយ។ កញ្ចប់ថវិការបឋម៥០លានដុល្លារអាមេរិក ជាកញ្ចប់ថវិការលើកទី២ហើយ ដែលសបញ្ជាក់ ពីការគិតគូរ និងកាយវិការនៃការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញវិស័យទេស ចរណ៍ ជាពិសេសខេត្តសៀមរាប និងការចូលរួមពីក្រសួងទេសចរណ៍ ដែលដឹកនាំដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងតែស្វែងយល់ពីទុក្ខលំបាក និងបញ្ហាប្រឈមរបស់ប្រតិបត្តិករទេសចរណ៍។

លោកជំទាវជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទេសចរណ៍សៀមរាបនឹង​ប្រើប្រាស់កម្ចីនេះ ប្រកបដោយទំនួលខុសត្រូវ និងភាពច្នៃប្រឌិត ក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម, ការកែលម្អ និងធ្វើទំនើបកម្ម ដូចជាធ្វើពិពិធកម្មនៃសេវាទេសចរណ៍របស់ខ្លួន សំដៅទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែប្រសើរឡើងមួយកម្រិតទៀត។

បន្ថែម

គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ ការផ្តល់ហិរញ្ញប្បទានតម្រូវចំពោះអតិថិជនគោលដៅដែលបានកំណត់ក្នុងបញ្ជីវិស័យគោលដៅ។
នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់
ភ្នំពេញ ថ្ងៃទី16 ខែធ្នូ ឆ្នាំ2021៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី
នារសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ SME សហការជាមួយនឹង សមាគម ស្វាយចន្ទី កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និង ការត្រៀមខ្លួនដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ SME” ក្នុងគោលបំណង...
នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី "ការគាំទ្រសហគ្រាសធុនតូច និងមធ្យមលើ ការយល់ដឹង ផ្នែកច្បាប់ និងហិរញ្ញវត្ថុ សម្រាប់កំណើនប្រកបដោយចីរភាព"។
ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច​ឡើងវិញ​អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី