សៀមរាប, ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសកម្មភាពជាក្រុម និងសប្បុរសធម៌ តាមរយៈកម្មវិធីជិះកង់រួមគ្នា ក្រោមប្រធានបទ «ទង្វើតូច ក្តីស្រឡាញ់ធំ – ជិះកង់ជាមួយ SME Bank» នៅតំបន់ប្រាសាទអង្គរវត្ត ដែលបានដឹកនាំដោយក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងមានការអញ្ជើញចូលរួមពីបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ប្រមាណ១៦០នាក់។
សកម្មភាពជាក្រុម និងសប្បុរសធម៌នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្ហាញពីការចូលរួមក្នុងសកម្មភាពតូច តែមានសារៈសំខាន់។ កម្មវិធីនេះក៏បានបង្ហាញ ពីការរួមសាមគ្គីក្នុងស្មារតីជាក្រុម ហើយបានចូលរួមបរិច្ចាគថវិការ ក្នុងការចូលរួមគាំពារដល់សុខុមាលភាព ក៏ដូចជាការអប់រំរបស់កុមារ។ នេះជាកាយវិការដែលបង្ហាញពីវប្បធម៌នៃការយកចិត្តទុកដាក់ និងការចូលរួមចែករំលែក នៃក្រុមគ្រួសាររបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។






