គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច នៃសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro)។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងពង្រឹងប្រតិបត្តិការឥណទាន នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ ពីJFC-Micro។ ក្នុងវគ្គបណ្តុះបណ្តាល រយៈពេល ៥ថ្ងៃ នេះ គណៈគ្រប់គ្រង និងបុគ្គលិក ធនាគារដែលបានចូលរួមទាំងអស់ បានស្វែងយល់ពីយន្តការនៃការគ្រប់គ្រងគម្រោងហិរញ្ញប្បទាន គាំទ្រសហគ្រាសធុនតូច និងមធ្យម តាមរយៈការធ្វើបទបង្ហាញ និងដំណើរទស្សនកិច្ចដោយផ្ទាល់ ទៅដល់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសជប៉ុន។

សូមរំលេចផងដែរថា វគ្គបណ្តុះបណ្តាលនេះ ជាសក្ខីភាពមួយដែលបង្ហាញពីចក្ខុវិស័យរួម ក្នុងការគាំទ្រដល់បរិយាកាសធុរកិច្ច និងការអនុវត្តនៃការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា, ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, PRI នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង JFC-Micro។ តាមរយៈវគ្គបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងបន្ថែមទៀតនូវការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមថ្លែងអំណរគុណដល់ PRI នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង JFC-Micro ដែលបានរៀបចំទទួលដំណើរទស្សនកិច្ចនេះ ក៏ដូចជាផ្តល់នូវការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងប្រទេសជប៉ុន។






