preloader
 កិច្ចសហប្រតិបត្តិការ​ចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសផ្គត់ផ្គង់ទឹកស្អាត រវាងធនាគារ​ SME និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា(ស.ទ.ក)

កិច្ចសហប្រតិបត្តិការ​ចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសផ្គត់ផ្គង់ទឹកស្អាត រវាងធនាគារ​ SME និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា(ស.ទ.ក)

Link: https://smebankcambodia.com.kh/2022/04/07/cwamou/[endlink]

រាជធានីភ្នំពេញ, ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២៖ ដោយសង្កេតឃើញថា តម្រូវការនៃការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែកើនឡើង ដែលទាមទារឱ្យកំណើននៃសហគ្រាសផ្គត់ផ្គង់ទឹកស្អាតក៏កាន់តែកើនឡើងដូចគ្នា ដើម្បីមានលទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ទោះបីជាពួកគាត់រស់នៅទីណាក៏ដោយ មិនថាទីក្រុង ទីប្រជុំជន ឬជនបទឡើយ គឺសុទ្ធសឹងតែអាចទទួលបាននូវទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា។ អាស្រ័យហេតុនេះ ដើម្បីបន្តគោលដៅក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅកម្ពុជា ជាពិសេសសហគ្រាសផ្គត់ផ្គង់ទឹកស្អាតឱ្យកាន់តែរីកចម្រើន និងជំរុញឱ្យមានការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SME) និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) បានធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់សហគ្រាសផ្គត់ផ្គត់ទឹកស្អាតនៅក្នុងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាទាំងអស់ តាមរយៈ (១) ការជួយគាំទ្រដល់ការរីកចម្រើននៃវិស័យផ្គត់ផ្គង់ទឹកស្អាតនៅប្រទេសកម្ពុជាដែលប្រឈមនឹងបញ្ហាផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាជនប្រើប្រាស់ (២) ការផ្តល់ហិរញ្ញប្បទានដល់សមាជិកនៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីមានលទ្ធភាពក្នុងការពង្រីកអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតឲ្យកាន់តែមានគុណភាពល្អតាមស្តង់ដាទឹកស្អាត (៣) ការចូលរួមផ្សព្វផ្សាយរួមគ្នា ដើម្បីចែករំលែកព័ត៌មានស្តីពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (៤) ការទទួលបានហិរញ្ញប្បទានជាមួយលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ពិសេសសម្រាប់សមាជិកនៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (៥) ការផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់អតិបរមារហូតដល់ ៥០០,០០០ ដុល្លារអាមេរិក។

លោក លឹម អូន អគ្គនាយកនៃធនាគារ SME បានមានប្រសាសន៍លើកឡើងថា៖ “សហគ្រាសផ្គត់ផ្គង់ទឹកស្អាតទាំងអស់ជាអ្នកអនុវត្ត និងផ្គត់ផ្គង់ទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋ ចំណែកធនាគារ SME ជាអ្នកជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសទាំងអស់នោះឱ្យទទួលបានហិរញ្ញប្បទានដើម្បីបន្តដំណើរការ និងពង្រីកវិសាលភាពបន្ថែមក្នុងការផ្គត់ផ្គង់ទឹកស្អាត និងមានស្តង់ដាគុណភាពខ្ពស់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង។ ធនាគារ SME ពិតជាមានសេចក្តីសោមនស្សដែលបានក្លាយជាចំណែកមួយក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសសហគ្រាសផ្គត់ផ្គង់ទឹកស្អាតតាមរយៈសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ឱ្យទទួលបាននូវហិរញ្ញប្បទានដ៏សមស្របជាមួយនឹងលក្ខខណ្ឌអនុគ្រោះ និងការផ្តល់ជូនឥណទានដែលមានតម្លៃទាប”

លោកបានមានប្រសាសន៍បន្ថែមទៀតថា “ស្របតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររបស់ធនាគារ យើងមានផែនការអភិវឌ្ឍបណ្តាញប្រតិបត្តិការឱ្យបានទូលំទូលាយបន្ថែមទៀត និងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័ន អង្គភាព សហគ្រាសគោលដៅឱ្យកាន់តែច្រើន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគោលដៅនៅពាសពេញផ្ទៃប្រទេស។”

លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានមានប្រសាសន៍លើកឡើងថា “ ការចុះអនុស្សរណៈយោគយល់ថ្ងៃនេះរវាងធនាគារ SME និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យសមាជិករបស់សមាគមទាំងអស់អាចទទួលបាននូវកម្ចីឥណទានដែលមានលក្ខណៈអនុគ្រោះជាពិសេសពីធនាគារ SME ដើម្បីយកទៅកែលម្អ និងពង្រីកសមត្ថភាពផលិតទឹកស្អាត និងចែកចាយទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៅក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន។ តាមរយៈកិច្ចសហការគ្នានេះ នឹងធ្វើឱ្យវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសផ្នែកឯកជន អាចនឹងពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋបានកាន់តែច្រើន ហើយនឹងឈានទៅឆ្លើយតបគោលដៅនៃការផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋភិបាល នៅត្រឹមបំណាច់ឆ្នាំ២០២៥ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទីប្រជុំជន មានទឹកស្អាតប្រើប្រាស់១០០% និងនៅឆ្នាំ២០៣០ ប្រជាជនកម្ពុជាទទួលបានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។

Leave a Reply

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។