preloader
 ធនាគារ SME និងក្រុមហ៊ុន បញ្ជី ហ្វាញថេក បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ធនាគារ SME និងក្រុមហ៊ុន បញ្ជី ហ្វាញថេក បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

Link: https://smebankcambodia.com.kh/2021/12/16/sme-bank-and-banhji/[endlink]

ភ្នំពេញ ថ្ងៃទី16 ខែធ្នូ ឆ្នាំ2021៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បីចូលរួមគាំទ្រដំណើការធុរកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SME) បានសហការជាមួយក្រុមហ៊ុនបញ្ជី ហ្វាញថេក ឯ.ក (BanhJi) ដើម្បីបង្កើនការអនុវត្តសកម្មភាពក្នុងភាពជាដៃគូសហការក្នុងគោលដៅចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារ SME និង Banhji បានប្តេជ្ញាថានឹងរួមគ្នាផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការបង្កើតផលិតផលឌីជីថលថ្មី ផលិតផលផ្នែកហិរញ្ញវត្ថុ ឬដំណើរការសម្រាប់អតិថិជនដែលមានស្រាប់ និងថ្មី ដែលស្របតាមយុទ្ធសាស្រ្តអទិភាពរបស់ធនាគារ។ កិច្ចសហប្រតិបត្តិការនេះរួមបញ្ចូល ទាំងការអភិវឌ្ឍន៍ផលិតហិរញ្ញវត្ថុឌីជីថល និងកម្មវិធីសម្រាប់វិស័យគោលដៅរបស់ធនាគារ SME ថែមទៀតផង។

លោក លឹម អូន អគ្គនាយកនៃធនាគារ SME បានលើកឡើងថា៖ “ធនាគារ SME បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពទាក់ទាញ រួមមានការផ្តល់ឥណទានដែលមានតម្លៃទាប និងលក្ខខណ្ឌអនុគ្រោះដែល ផ្តល់ភាពងាយស្រួលនៅលើទីផ្សារ។ នៅចំពោះមុខ ធនាគារ SME មានផែនការអភិវឌ្ឍបណ្តាញចែកចាយឱ្យបានទូលំទូលាយបន្ថែមទៀតសម្រាប់អតិថិជនគោលដៅ និងដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ធនាគារនឹងវិនិយោគបន្ថែមលើការបើកសាខាថ្មី និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ជាពិសេសការចាប់ដៃគូសហការជាមួយស្ថាប័នផ្សេងៗ ក្នុងគោលបំណងបម្រើសេវាកម្មជូនដល់អតិថិជនដែលជាសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែល្អប្រសើរ”។

លោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនបញ្ជី មានប្រសាសន៍ថា “ ថ្ងៃនេះពួកយើងពិតជាមានភាពរីករាយណាស់ក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ជាដៃគូជាមួយនឹង ធនាគារ SME។ បេសកម្មរបស់ក្រុមហ៊ុនបញ្ជី គីការគាំទ្រ បរិយាប័ន្នហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម ហើយការងារនេះតម្រូវអោយមាន កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា។ ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនបញ្ជី និង ធនាគារ SME នឹង រួមគ្នាបង្កើតដំណោះស្រាយបែបឌីជីថលនិងមានភាពនវានុវត្តន៍ សម្រាប់បញ្ហាគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម ដែលបានជួបប្រទះជារៀងរាល់ថ្ងៃ។

លោកលឹម អូនបានបន្ថែមទៀតថា៖ “ជាក់ស្តែង នៅពេលនេះ ធនាគារ SME បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ BanhJi ដើម្បីរួមចំណែកក្នុងការគាំទ្រដល់អតិថិជនរបស់ BanJi ឱ្យមានលទ្ធភាពចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួនបានដោយជោគជ័យ”។

ក្នុងនាមជាធនាគារពាណិជ្ជ និងជាធនាគារគោលនយោបាយផង ធនាគារ SME តែងតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការអនុវត្តរាល់សកម្មភាពដើម្បីផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានឥណទានដែលមានតម្លៃសមរម្យ។

Leave a Reply

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *